ព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២០ កិច្ចប្រជុំពិភាក្សាស្តីពីការចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្រោមអធិបតីភាព លោក ឈិន សេងងួន លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ជាមួយប្រតិភូក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំដោយឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត អភិបាលរងក្រុងកោះរ៉ុង និងមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។
ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងថាក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៥០០នាក់ នឹងចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្រុងកោះរ៉ុង ដោយឥតគិតថ្លៃចំនួនប្រមាណ៦០០ ទៅ ៧០០នាក់ ស្ថិតនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែមិនា ឆ្នាំ ២០២១ខាងមុខ។ ទន្ទឹមនោះក្រុមការងារ នឹងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ព្រមទាំងសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុងកោះរ៉ុង ដើម្បីឱ្យការចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដំណើរការដោយរលូន និងទទួលបានជោគជ័យនាពេលខាងមុខ។ ឯកឧត្តមបន្តថា ការចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋមានដូចជា អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅ ផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺក្រពះពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺទឹក នោមផ្អែម ជំងឺបេះដូង ជំងឺលើសឈាម ជំងឺតម្រង់នោម អេកូសាស្ត្រ មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូច និងព្យាបាលរបួស ។ល។ ទន្ទឹមនោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក៏មានគម្រោងបង្រៀនប្រជាពលរដ្ឋឱ្យយល់ដឹងអំពីការរស់នៅស្អាត ប្រកបដោយអនាម័យ ដូចជាហូបស្អាត ពិសាទឹកឆ្អិន ព្រមទាំងលាងសម្អាតដៃ និងអាកុល ឬសាប៊ូឱ្យបានញឹកញាប់ ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវនៅពេលចាំបាច់ ហើយនឹងមានគម្រោងចែកអាកុល ម៉ាស់ សាប៊ូ និងក្រដាសរូបភាពផ្សព្វផ្សាយអំពីការថែទាំរក្សាអនាម័យ រួមទាំងស្បៀងអាហារជាដើម។
លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ និងចូលរួមគាំទ្រសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដឯកឧត្តម ហ៊ុន ម៉ានី ដែលមានគម្រោងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងចុះពិនិត្យ និងជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតំបន់កោះ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នាពេលខាងមុខនេះ។ លោកបានបញ្ជាក់ថា ដោយសារតែមានការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២៨វិច្ឆិកា មិនទាន់ត្រូវបានបិទបញ្ចប់ វាអាចនៅមានបញ្ហាប្រឈមនានា ទាក់ទងនឹងការកំណត់ពេលវេលាក្នុងការចុះពិនិត្យ និងព្យាបាល។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានផ្តល់ជូននូវអនុសាសន៍មួយចំនួនជូនអង្គប្រជុំ ដើម្បីឱ្យបេសកកម្មនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ក្នុងនោះលោកក៏បានណែនាំឱ្យរដ្ឋបាលក្រុងកោះរ៉ុងសហការជាមួយ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ដឯកឧត្តម ហ៊ុន ម៉ានី ចុះសិក្សាវាយតម្លៃ និងកំណត់ទីតាំងដែលត្រូវធ្វើការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋឱ្យបានច្បាស់លាស់។
សូមបញ្ជាក់ថា កិច្ចប្រជុំបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងបានឯកភាពគ្នាលើពេលវេលា និងទីតាំងពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយជ្រើសរើសយកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ នៅសណ្ឋាគារ Royal Sand ព្រោះជាទីតាំងដែលមានលក្ខណៈអំណោយផលល្អ ធំទូលាយដែលផ្តល់ភាពងាយស្រួលដល់ក្រុមព្រូពេទ្យធ្វើការពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋយើង៕