ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្ត នៃព្រះរាជាណាចក្រកម្ពជា និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានទទួលអំណោយពីក្រុមហ៊ុន សារ៉ាយ៉ា ខេមបូឌា ខូលអិលធីឌី SARAYA CAMBODIA CO.LTD ជាជែល លាងសម្អាតដៃចំនួន១,០០០កេស ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចការសង្គម។
ក្នុងពិធីប្រគល់-ទទួល អំណោយជាជែលលាងសម្អាតដៃពីក្រុមហ៊ុន សារ៉ាយ៉ា ខេមបូឌា ខូលអិលធីឌី ចំនួន១,០០០កេស ស្មើនឹង២០,៥០០ដប គិតជាថវិកាមានចំនួន១៦២,៥០០ដុល្លារអាមេរិក (ដប់ប្រាំមួយម៉ឺនពីរពាន់ប្រាំរយដុល្លារ) កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ានី ជាមួយឯកឧត្តម សំ រិទ្ធី តំណាងរាស្រ្ត និងឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី រួមជាមួយនឹងថ្នាក់ដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។
លោក ដៀន វិជ្ជា ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនសារ៉ាយ៉ា (ខេមបូឌា) ខូអិលធីឌី បានមានប្រសាសន៍ថា ក្រុមហ៊ុន យល់ច្បាស់អំពីសារសំខាន់ នៃការងាររបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ សកម្មភាពមនុស្សធម៌នេះ បានចូលរួមចំណែកមិនអាចខ្វះបានរបស់វិស័យឯកជន ជាមួយរាជរដ្ឋាភិបាល ក្នុងការរួមគ្នាកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដោយផ្ទាល់នៅមូលដ្ឋានផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន សារ៉ាយ៉ា ខេមបូឌា ខូលអិលធីឌី (SARAYA CAMBODIA CO.LTD) ដែលបានចូលរួមចំណែកឧបត្ថម្ភជាមួយក្រុមការងារជាជែលលាងសម្អាតដៃ ដើម្បីយកទៅប្រើប្រាស់ជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតនៅតាមតំបន់ដាច់ស្រយាលផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបង្កើតឡើងនៅថ្ងៃទី០២ ធ្នូ ២០១២ មកដល់បច្ចុប្បន្ននេះ នៅសល់មិនដល់ប៉ុន្មានថ្ងៃទៀតខាងមុខនោះទេ គឺមានរយៈពេល០៩ឆ្នាំ។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានសហការជាមួយអាជ្ញាធរមូលដ្ឋាន មនី្ទរសុខាភិបាលគ្រប់ខេត្ត បានយ៉ាងល្អ ក្នុងការផ្តល់សេវាថែទាំសុខភាព សុខុមាលភាពជូនប្រជាពលរដ្ឋ នៅតាមតំបន់ដាច់ស្រយាល បានចំនួន២០រាជធានី-ខេត្ត នៅសល់៥ខេត្តទៀត ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នឹងប្តេជ្ញាបន្តផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឲ្យបានគ្រប់ចំនួនទាំង២៥រាជធានី-ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសក្នុងរយៈពេលជិត០៩ឆ្នាំមកនេះ ដែលមានឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាមូលដ្ឋានគ្រឹះសម្រាប់ឧបត្ថម្ភគាំទ្រអំណោយថ្នាំពេទ្យ ដែលមានឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងមានអនុប្រធានប្រតិបតិ្តក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី មានចំនួនប្រមាណជិត ៥០០០នាក់ (៥ពាន់នាក់)។ ជាពិសេសការប្រគល់ជូនជាជែលលាងសម្អាតដៃជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី ធ្វើឡើងដើម្បីទុកជាប្រយោជន៍ក្នុងបុព្វហេតុការងារមនុស្សធម៌ ដែលសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើសកម្មភាពមនុស្សធម៌ និងការងារជួយសង្គមជាតិទាំងមូល ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធជំងឺកូវីដ-១៩៕