អភិបាលខេត្តតាកែវ ថ្លែងអំណរគុណ ឯកឧត្តម ហ៊ុន ម៉ានី ដែលបានបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មកចាក់វ៉ាក់សាំងជូនពលរដ្ឋរស់នៅស្រុកទ្រាំង
(តាកែវ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានបន្តកិច្ចការងារមនុស្សធម៌របស់ខ្លួន ដោយបន្តយុទ្ធនាការចាក់វ៉ាក់សាំងដូសមូលដ្ឋាន ដូសទី២ ដូសទី៣ ដូសទី៤ និងដូសទី៥ ជូនប្រជាពលរដ្ឋដែលរស់នៅស្រុកទ្រាំង ខេត្តតាកែវ ដោយមានការដឹកនាំផ្ទាល់ពី ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី អមដំណើដោយ ឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខេត្តតាកែវ និងជាប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ, ឯកឧត្តម វេជ្ជបណ្ឌិត ឌឿន វុទ្ធា អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារ ចំនួន៥២នាក់។
យុទ្ធនាការនាំការចុះចាក់វ៉ាក់សាំងរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី មានការចូលរួមសហការពីឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ, មន្ទីរសុខាភិបាលខេត្តតាកែវ មន្ទីរជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចំនួន៣៦នាក់ ដឹកនាំដោយលោក សុខ ពុទ្ធិវុធ ព្រមទាំងអាជ្ញាធរដែលពាក់ព័ន្ធ និងក្រុមការងារជាច្រើននាក់។
ថ្នាក់ដឹកនាំបានចុះនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ហ៊ុន ម៉ានី ជូនចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខេត្តតាកែវ ដែលកំពុងស្ម័គ្រចិត្តបន្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ដូសទី២ ដូសទី៣ ដូសទី៤ និងដូសទី៥ ក្នុងក្របខណ្ឌទូទាំងប្រទេស ជាមួយរាជរដ្ឋាភិបាល ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម និងបណ្តុះបណ្តាលវគ្គសង្រ្គោះបឋម ដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមចំនួន ៥២០នាក់ នៅវិទ្យាល័យ ពោធិ៍អំពិល ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។
នាឱកាសនោះ ឯកឧត្តម អ៊ូច ភា បានថ្លែងអំណរគុណឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចាត់តាំងបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តជាច្រើនលើកមកខេត្តតាកែវ ក្នុងការពិនិត្យនិងព្យាបាល ចែកថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ព្រមទាំងការចុះយុទ្ធាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម។
លោកអភិបាលខេត្តបន្តថា «សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាបាននឹងកំពុងតែបោះជំហ៊ានទៅមុខជានិច្ច លើការងារផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ កាត់បន្ថយហានីភ័យនៃការរាតត្បាតដោយជំងឺកូវីដ-១៩។ ជាការពិតនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសលើកលែងការពាក់ម៉ាសនៅទីសាធារណៈទូទាំងប្រទេស ប៉ុន្តែបន្តពាក់នៅកន្លែងបិទជិត។ ពិតប្រាកដណាស់សមិទ្ធិផលដ៏អស្ចារ្យនេះ ពិតជាមិនអាចខ្វះបាននូវវត្តមាន និងការខិតខំប្រឹងប្រែងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានោះឡើយ»។
បើតាមឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានឲ្យដឹងថា «ក្នុងរយៈពេលជាង ១០ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ៣១ តុលា ឆ្នាំ២០២២) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើរ របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភាជាតិ និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ៩,៥៤៩នាក់ (ប្រាំបួនពាន់ប្រាំរយសែសិបប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៤,៨៩៩ នាក់ (បួនពាន់ប្រាំបីរយកៅសិបប្រាំបួននាក់)។ គិតតាំងពីចាប់ផ្តើមចាក់វ៉ាក់សាំងដំបូង ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ មកដល់បច្ចុប្បន្ន ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បានចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសជាមួយរដ្ឋាភិបាល ដូសទី១ ដូសទី២ ដូសទី៣ ដូសទី៤ និងដូសទី៥ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ៩,៩៧២,៨៥១ដូស (ប្រាំបួនលានកៅសិបប្រាំពីរម៉ឺនពីរពាន់ប្រាំបីរយហាសិបមួយដូស)ក្នុង ២៥ រាជធានី-ខេត្ត»។
លោកបានបន្ថែមថា ក្រុមការគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លា ដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ៧៣៦លើក, ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១១,០៩១,១២០នាក់ (ដប់មួយលានប្រាំបួនម៉ឺនមួយពាន់ម្ភៃនាក់) ក្នុងនោះស្ត្រីមានចំនួន៥,៦៦២,០១៦នាក់ (ប្រាំលានហុកសិបប្រាំមួយម៉ឺនពីរពាន់ដប់ប្រាំមួយនាក់) គិតត្រឹម ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២២ បានចំនួនជាង ១ ភាគ ២ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៦,៨៤៣,៣៣៣ នាក់ (ដប់ប្រាំមួយលានប៉ែតសិបបួនម៉ឺនបីពាន់បីរយសាមសិបបីនាក់) ធៀបនឹងឆ្នាំ២០២២ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃ ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងាយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។
លោកបានបញ្ជាក់បន្ថែមថា ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពី សេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រូបនេះបន្ថែមទៀតថា «តាមរយៈនៃកិច្ចខិតខំប្រឹងប្រែងដ៏ឧត្តុងឧត្តម និងដ៏ថ្លៃថ្លា របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី រយៈពេលជាង១០ឆ្នាំ កន្លងមក បានទទួលលទ្ធផលជាផ្លែផ្កា ដែលនាំឱ្យប្រជាពលរដ្ឋទាំងអស់ គោរពថ្លែងអំណរគុណយ៉ាងខ្លាំងជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ហ៊ុន ម៉ានី ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ និងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងក្រុមការងារ និងទទួលយកពុទ្ធពរទាំងបួនប្រការរបស់ព្រះពុទ្ធ មានអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ ។ យើងទាំងអស់គ្នាគោរពថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋទាំងអស់ លោកតា លោកយាយ ពុក ម៉ែ អ៊ំ ពូ មីង បងប្អូន ដែលតែងតែគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គ្រប់ពេលវេលា។ ពិតជាត្រឹមត្រូវណាស់ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាតម្រូវការចាំបាច់ ដើម្បីអនាគតល្អយូរអង្វែងសំរាប់កូនចៅយើងជំនាន់ក្រោយ និងជាតិមាតុភូមិរបស់យើង។ ដូចនេះ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ យើងទាំងអស់គ្នា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត»។
សូមជម្រាបជូនថា ប្រជាពលរដ្ឋពិតជាមានក្តីរំភើបកក់ក្តៅឥតឧបមា គោរព ថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន និងលោក ហ៊ុន ម៉ានី ក្នុងការជួយសកម្មភាពមនុស្សធម៌នេះ ជូនដល់ប្រជាពលរដ្ឋជារៀងរហូតមក គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់លោក ហ៊ុន ម៉ានី ដែលលោកតែងតែខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដែលជួបការលំបាកក្នុងគ្រប់កាលទេសៈ៕