លោកវេជ្ជបណ្ឌិត សាយ រិទី្ធ បន្តថា បច្ចុប្បន្នក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី កំពុងឈរជើងនៅក្នុងខណ្ឌ៧មករា ដើម្បីចូលរួមរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជំហានទី២ ដូសទី២ ចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ជូនមន្រី្តរាជការ ប្រជាពលរដ្ឋ នៅតាមគោលដៅចំនួន៣ នៃខណ្ឌ៧មករា តាមតារាងបែងចែក រួមមាន៖ សាលាបឋមសិក្សាបាក់ទូក បែងចែងជា២មណ្ឌល និងសាលាបឋមសិក្សាសំពៅមាស និងដូសទី២។
តាងនាមឲ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ពិតជាមានមោទនភាពជាខ្លាំង បានចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ឲ្យទាន់ពេលវេលា។
ទន្ទឹមគ្នានោះដែរ មន្រី្តរាជការ និងប្រជាពលរដ្ឋ ចាស់ជរា យុវជន រស់នៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ បានលើកឡើងស្រដៀងគ្នាថា ការចាក់វ៉ាក់សាំងដូសទី២នាថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់ខ្លួនរបស់គាត់ គ្រួសារ និងសង្គមជាតិ តែការចាក់វ៉ាក់សាំងនេះ វាក៏បានជួយការពារសុវតិ្ថភាពបានមួយកម្រិត ប៉ុន្តែមិនអាចកាត់ផ្តាច់ពីការការពារខ្លួនពីមេរោគកូវីដ១៩ តាមរយៈ៣កុំ ៣ការពារបាននោះទេ។
បើតាមឯកឧត្តម លេង ផាលី ប្រធានប្រតិបតិ្តក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងទៀតថា ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់ពីឯកឧត្តមប្រធាន ហ៊ុន ម៉ានី និងដោយទទួលបានការឧទ្ទេសនាមពីលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស បានអនុញ្ញាតឲ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន១២៥៨នាក់ ត្រៀមចាក់វ៉ាក់សាំង និងកំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនមន្រី្តរាជការ ប្រជាពលរដ្ឋ ជនបរទេស ឲ្យបានចំនួនច្រើន តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ព្រោះថាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្រី្តរាជការ ប្រជាពលរដ្ឋ និងជនបរទេស គឺមិនគិតថ្លៃនោះទេ៕